ឯកឧត្តម ស សុខា ផ្ញើសារទៅម្ចាស់ Page : Samdach Rotana TV កុំយកវីដេអូលោកទៅបង្ហោះរឿងផ្សេង
ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាកូនប្រុសច្បងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នេះ បានបង្ហោះសារឆ្លើយតបទៅម្ចាស់ Page : Samdach Rotana TV ជុំវិញការយកវីដេអូលោក ទៅបង្ហោះដាក់ចំណងជើងផ្ទុយពីខ្លឹមសារ ។
ខាងក្រោមនេះគឺខ្លឹមសារឆ្លើយតបរបស់ឯកឧត្តម ស សុខា ទៅកាន់ម្ចាស់ Page : Samdach Rotana TV ៖“ខ្ញុំមិនទោមនស្សរាល់ការបញ្ចេញមតិរបស់លោកនោះទេ។ ប៉ុន្តែខ្ញុំសុំលោកម្យ៉ាង កុំយកវិឌីអូឃ្លីបរបស់ខ្ញុំដែលមានខ្លឹមសារផ្សេងទៅបង្ហោះដាក់ចំណងជើងផ្សឹងដែលបង្កប់ដោយចេតនាញ៉ុះញុងឫចោទប្រកាន់ខ្ញុំថាបង្គាប់បញ្ជាប្រដែរប្រដៅបុគ្គលនេះបុគ្គលនោះ ជាពិសេសកូនសម្ដេចតេជោនាយករដ្ឋមន្រ្តី ដូចជា ឯកឧត្តម ហ៊ុន ម៉ាណែតនិង ឯកឧត្ដម ហ៊ុន ម៉ានី ជាដើម។
អ្វីដែលខ្ញុំមិនអាចទទួលយកបាន លោកថា ខ្ញុំក៏ចង់ធ្វើជានាយករដ្ឋមន្រ្តីដែរនោះ។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំកើតមកមិនមែនដើម្បីប្រកួតប្រជែងនោះទេ។ជាការពិតខ្ញុំនៅក្នុងគណបក្សមួយ។ យើងត្រូវគោរពសេចក្ដីសម្រេចរបស់គណបក្សក្នុងការរៀបចំចាត់ចែងរចនាសម្ព័នដឹកនាំប្រទេសនៅពេលដែលគណបក្សឈ្នះឆ្នោត។ ជាក់ស្ដែង ឯកឧត្តមហ៊ុន ម៉ាណែត ត្រូវបានគណបក្សបោះឆ្នោតជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត ដែលក្នុងនោះខ្ញុំក៏ជាមនុស្សម្នាក់គាំទ្រលោកដែរ។
ថាជាភ័ព្វសំណាងរបស់ខ្ញុំក៏ថាបាន ដែលកើតមកក្នុងត្រកូលខ្ពង់ខ្ពស់មួយ។ តែអ្វីដែលជាស្មារតីពិតប្រាកដរបស់ខ្ញុំ មិនមែនកើតមកសម្រាប់ជាការប្រកួតប្រជែងនោះទេ តែជាការចូលរួមចំណែកឲ្យអស់ពីលទ្ធភាពដើម្បីប្រយោជន៍យុវជន ប្រជាជន និងសង្គមជាតិទាំងមូល។ ពោលគឺខ្ញុំមិនធ្វើជាចំណែកនៃបញ្ហានោះទេ តែខ្ញុំប្ដេជ្ញាធ្វើជាចំណែកនៃដំណោះស្រាយសង្គមវិញ។
ជារួមទាំងពីរចំណុច ដែលលោកទម្លាក់កំហុសលើខ្ញុំនេះ ជាសារមួយដែលមិនអាចទទួលយកបាន និងជារឿងអយុត្តិធម៌សម្រាប់ខ្ញុំ។ ខ្ញុំនៅតែនិយាយដដែលថា នេះជាយុទ្ធសាស្ត្របំបែកបំបាក់ផ្ទៃក្នុង ដែលពុំធ្លាប់មានប្រសិទ្ធភាពម្ដងណាឡើយ។ ពួកយើងមានតែការសាមគ្គីផ្ទៃក្នុងគ្រប់ស្រទាប់ ឋាន: និងគ្រប់រូបភាព។ និយាយឳ្យអស់ទៅ យើងតែងជួបគ្នាគ្រប់មធ្យោបាយ ទាំងក្នុងក្របខ័ណ្ឌទំនាក់ទំនងរាប់អាន និងជាពិសេសកិច្ចការជាប្រយោជន៍ជាតិ ប្រកបដោយការគោរព ការយល់ចិត្តយល់ថ្លើម ក្នុងស្មារតីជិះទូកតែមួយទៅកាន់ត្រើយតែមួយ។
ជាចុងក្រោយ ទោះបីយើងបក្សផ្សេងគ្នា រស់នៅប្រទេសខុសគ្នា ជំហរទស្សន: និងការមើលឃើញមួយជ្រុងផ្សេងគ្នាមែន តែសូមយើងប្រកាន់ចរិតជាខ្មែរតែមួយ។ យើងគួរមានមោទកភាពដែលបានកើតជាខ្មែរ ជ្រោមជ្រែងរួបរួមគ្នា ដើម្បីកម្ពុជារុងរឿង”៕
Post a Comment