ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកឆ្នាំ២០២៤ នេះ ជាឆ្នាំឈានចូលបន្ទាត់ក្រហមហើយរឿងគ្រោះថ្នាក់ចរាចរណ៍

រតនគិរី ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទាញចំណាប់អារម្មណ៍អង្គសន្និបាត និងមន្រ្តីពាក់ព័ន្ធអំពីកំណើនគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយបានចាត់ទុកឆ្នាំ២០២៤ នេះ ថាជាឆ្នាំនៃការឈានចូលបន្ទាប់ក្រហមហើយ។

ផ្អែកលើតួលេខគ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២៣ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ១ ៩៥២នាក់ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានទាញការព្យាករណ៍ជាមុនថា ប្រសិនបើនៅឆ្នាំ២០២៤ នេះ គ្រប់ភាគីពាក់ព័ន្ធមិនបានបង្កើនសកម្មភាព ជាពិសេសការគោរព និងអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួនទេនោះ អត្រាអ្នកស្លាប់ដោយឃាតករលើដងផ្លូវមួយនេះ នឹងបន្តកើនឡើងលើសពីចំនួន ២ ០០០នាក់ ជាពុំខានឡើយ។

បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អត្រាប្រជាពលរដ្ឋស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងហក់ឡើងក្នុងអត្រាខ្ពស់គួរឱ្យព្រួយបារម្ភ បើធៀបនឹងអត្រាស្លាប់ដោយសារជំងឺអេដស៍ និងស្លាប់ដោយសារមីន។ នេះមិនរាប់បញ្ចូលប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការ ដែលក្លាយជាបន្ទុកទំនួលខុសត្រូវមើលថែ និងផ្គត់ផ្គង់ការឧត្ថម្ភគាំទ្រផ្សេងៗរបស់គ្រួសារ និងរាជរដ្ឋាភិបាលផង។

ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានព្រលយជាមុនដែរថា ប្រសិនបើស្ថានភាពគ្រោះថ្នាក់ចរាចណ៍មិនត្រូវបានដោះស្រាយជាដុំកំភួនទេនោះ គោលដៅទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ របស់កម្ពុជា ក៏ទំនងនឹងមិនអាចសម្រេចបានជោគជ័យនោះដែរ ហើយកម្ពុជានឹងបន្តខាតបង់ទាំងធនធានមនុស្ស និងថវិកា ជារៀងរាល់ឆ្នាំដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ។

ទន្ទឹមនឹងការថ្លែងអំពីការត្រៀមលក្ខណៈដាក់ចេញវិធីសាស្រ្តថ្មីៗដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជំរុញឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ បង្កើនការយកចិត្តទុកដាក់រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ហើយជាមួយគ្នានោះដែរ មាតាបិតា អាណាព្យាបាល និងស្ថាប័នសាធារណៈ និងឯកជនទាំងអស់ ត្រូវចូលរួមជំរុញ និងលើកកម្ពស់ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន៕



































Powered by Blogger.